ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ៣១នាក់ ក្នុងសង្កាត់ព្រៃស ដែលកំពុងធ្វើចត្តាឡីស័ក ព្រោះជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើការនៅរោងចក្រ ឌីន ហាន!

ភ្នំពេញ:នារសៀល ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ
បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង រួមដំណើរជាមួយលោក កេង ថា នាយករងរដ្ឋបាលខណ្ឌ ជាតំណាងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់លោកចៅសង្កាត់ព្រៃស និងសហការី នាំយកអំណោយជាស្បៀង មាន ៖ – អង្ករចំនួន២០ការ៉ុង – មីចំនួន១២កេស – ទឹកសុទ្ធចំនួន១៥កេស – ទឹកត្រី ទឹកស៊ីអ៊ីវ១០យួរ ត្រីខចំនួន ១៥យួរ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ០៦គ្រួសារ ស្មើនឹង៣១នាក់ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើការនៅរោងចក្រ ឌីន ហាន។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកស្រី គឹម ញឹប ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ៕