សម្តេចចៅហ្វាវាំង គង់ សំអុល​ នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី​ ប្រគល់ជូនអាជ្ញាធរខេត្តកណ្ដាល ដើម្បីដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ រស់នៅក្នុងតំបន់បិទខ្ទប់ នៃក្រុងតាខ្មៅ

កណ្តាល​ ៖​ នៅវេលារសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគល់ជូនអាជ្ញាធរខេត្តកណ្ដាល ដើម្បីដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ រស់នៅក្នុងតំបន់បិទខ្ទប់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល​។

ព្រះរាជអំណោយដ៏ថ្លៃថ្លា​ របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ មាន ៖ អង្ករចំនួន​ ៣០តោន មីចំនួន ១.០០០កេសតូច​ ត្រីខកំប៉ុងចំនួន ១.០០០យួរ​ ទឹកសុទ្ធចំនួន ៣០០កេស​ សម្រាប់ប្រទានជូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម។​ អង្ករចំនួន ៥តោន មីចំនួន ៣០០កេសតូច ត្រីខកំប៉ុងចំនួន​ ៣០០យួរ និងទឹកសុទ្ធចំនួន ៥០កេស ប្រទានជូនកងកម្លាំងនគរបាល និងកងកម្លាំងរាជអាវុធហត្ថ នៃខេត្តកណ្តាល។

ចំពោះព្រះរាជអំណោយ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ មាន​ ៖
អង្ករចំនួន ៣០តោន មីចំនួន ១.០០០កេសតូច ត្រីខកំប៉ុង ១.០០០យួរ ទឹកសុទ្ធ ៣០០កេស សម្រាប់ប្រទានជូនប្រជាពលរដ្ឋស្ថិតនៅតំបន់ក្រហម នៃខេត្តកណ្តាល៕