អភិបាលស្រុកលើកដែក៖ ស្នើសុំឲ្យក្រសួងការពារជាតិជួយពិនិត្យអត្តសញ្ញាណយោធា២នាក់និងបក្សពួកនាំគ្នាមកផឹកសុីខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាល ស្រុកលើកដែក បានស្នើសុំឲ្យអគ្គបញ្ជាការ និងក្រសួងការពារជាតិ ជួយពិនិត្យអត្តសញ្ញាណយោធា ២នាក់ និងបក្សពួកនាំគ្នាមកផឹកសុីខុសគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងមូលដ្ឋានដែលលោកកំពុងដឹកនាំគ្រប់គ្រង។

នេះបើយោងតាមហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោក ចាប ច័ន្ទវិទ្យា ដែល អង្គភាពសារព័ត៌មាន គេហទំព័រ«ដេលីប្រេកឃីងញ៉ូ» ទទួលបាននៅរសៀលថ្ងៃទី១៨កក្កដានេះថា៖ លោកពិតជាមិនបានដឹងថាក្រុមទាហានមកពីខាងណានោះទេ ដែលពួកគាត់បាននាំគ្នាមកជួបជុំផឹកស៊ីអ៊ូរអរពេញនៅក្នុងមូលដ្ឋានស្រុកលើកដែក ដែលខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងស្ថិតក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ទៀតផង។ លោកអភិបាលស្រុកបានបន្តថា ក្នុងនាមជាមន្ត្រីមិនចូលរួមហើយផ្គើននិងបទបញ្ជារាជរដ្ឋាភិបាលទៀត។

ទន្ទឹមគ្នានេះដែរ៖ លោកអភិបាលស្រុកក៏បានបង្ហោះនៅក្នុងគណនីផ្ទាល់ខ្លួនដោយមានខ្លឹមសារថា៖ «ស្នើអគ្គបញ្ជាការ និងក្រសួងការពារជាតិ ពិនិត្យអត្តសញ្ញាណបុគ្គលយោធា២រូប និងបក្សពួក ដែលនាំគ្នាមកផឹកសុី ខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងពិសេសក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងកូវីដ១៩។ ការជួបជុំ ថ្ងៃសៅរ៍ទី១៧ ខែកក្តដា ឆ្នាំ២០២១ នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ ក្នុងនាមជាមន្ត្រីមិនចូលរួម ហើយផ្គើននិងបទបញ្ជារាជរដ្ឋាភិបាលទៀត!ក្រសួងការពារជាតិ»៕