ឯកឧត្តម.គង់.សោភ័ណ្ឌអភិបាលនៃគណ:អភិបាលខេត្តកណ្តាល បាននាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៨២វត្ត នៅវត្តព្រែកឬស្សី

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងឯកឧត្ដមបណ្ឌិតម៉ៅភារុណប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក មន្ត្រីរាជការ នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាវចំនួន៨២វត្ត ក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកកោះធំ ដែលពិធីនេះប្រារព្ធធ្វើនៅវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។

ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ។

សូមបញ្ជាក់ថា ទេយ្យទានដែលបានដង្ហែរវេប្រគេននាឱកាសនោះគឺ ព្រះបាឡាត់គណខេត្ត និងលេខាគណៈសង្ឃខេត្តចំនួន០២វត្ត ក្នុងមួយវត្តបច្ច័យ ១លានរៀល ទៀន ១គូ អង្ករ ៣០០kg ទឹកសុទ្ធ០៥​កេស មី ១០កេស ត្រីខ១០ យួរ សាដក់០១ ម៉ាស់០១កេស និងអាល់កុល ០១កាន។ ដោយឡែក វត្ត អាស្រម និងពុទ្ធមណ្ឌល ចំនួន ៨០ទៀត ក្នុងមួយវត្តទទួលបានបច្ច័យ ៤០ម៉ឺនរៀល ទៀនព្រះវស្សា ០១គូរ អង្ករ ២០០kg មី ០៥កេសត្រីខ១០យួរ ទឹកសុទ្ធ ០៣កេស សាដក់ ០១ ម៉ាស់ ២០ប្រអប់ និងអាល់កុល០១កាន៕