ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ដល់កម្មករ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា

ខេត្តកណ្ដាល៖ បងប្អូនកម្មករ កម្មការិនីសំណង់ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា ក្រុងតាខ្មៅ ចំនួន១០០ នាក់ ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរដល់ម្ចាស់បុរីML ធារ៉ា ដែលបានមកវិនិយោគ នៅក្នុងទឹកដីខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ ដែលការវិនិយោគសាងសង់បុរី នៅពេលនេះ គឺពិតជាបានផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើន ដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ព្រមទាំងបានជួយលើកម្ពស់សោភ័ណភាព ធ្វើឲ្យទីក្រុងតាខ្មៅ កាន់តែទាក់ទាញសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងរួមចំណែកដល់ការអភិវឌ្ឍន៍ ភាពទំនើប ក្នុងក្រុងតាខ្មៅផងដែរ។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា និងអ្នកវិនិយោគទាំងអស់ អញ្ជើញមកវិនិយោគនៅខេត្តកណ្ដាល ព្រោះខេត្តកណ្ដាល ជាភូមិសាស្រ្តមួយល្អ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សម្រស់អ្នកវិនិយោគ មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើដល់ម្ចាស់បុរីML ធារ៉ា ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់កម្មករ កម្មការិនីសំណង់ទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតនូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និង៣កុំ។

អំណោយដែលបានផ្ដល់ជូនកម្មករ កម្មការិនីសំណង់ទាំង១០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ ២៥គ.ក្រ​, មី០១កេស​, ត្រីខ​ ០១យួរ​, ម៉ាស​ ០១ប្រអប់​ និងអាល់កុល​ ០១ដប និងថវិកា ៤ម៉ឺនរៀល៕