ពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង ខេត្តកោះកុង

កោះកុង​ ៖​ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ​ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។

នាឱកាសនោះ លោកស្រី អភិបាលខេត្ត បានលើកឡើងថា ការតែងតាំងមន្ត្រីរាជការនាពេលនេះ គឺជាការបំពេញបន្ថែមនូវថ្នាក់ដឹកនាំស្រុក ដែលមិនទាន់សមស្របទៅនឹងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកថ្មបាំង ការតែងតាំង លោក ទុំ នី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែពិសេស ថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។

លោកស្រី សង្ឃឹមថា​ លោកពិតជាពាំនាំបទពិសោធន៍ និងសមត្ថភាពដែលបានអនុវត្តកន្លងមក ដើម្បីជួយជ្រោមជ្រែង អនុវត្តតាមតួនាទី និងភារកិច្ចដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត៕