ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ​ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សា​លើរបាយការណ៍សកម្មភាពឆមាសទី១​ ឆ្នាំ២០២១​ និងលើកទិសដៅការងារបន្ត!!

ភ្នំពេញ:នាព្រឹកថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២១ គណៈកម្មការអប់រំ​ យុវជន​ កីឡា​ ធម្មការ​ សាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ​ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សា​លើរបាយការណ៍សកម្មភាពឆមាសទី១​ ឆ្នាំ២០២១​ និងលើកទិសដៅការងារបន្តរបស់ខ្លួន​ ក្រោមអធិបតីភាព ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការ ព្រមទាំងមានវត្តមាន ឯកឧត្តម​ លោកជំទាវ អនុប្រធាន​ លេខាធិការ សមាជិក​ សមាជិកា​ និងក្រុមការងារជំនួយការ។

កិច្ចប្រជុំបានធ្វើការពិនិត្យលើរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការកន្លងមក​ ក្នុងក្របខ័ណ្ឌនៃតួនាទី និងភារកិច្ចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​​ បទបញ្ជាផ្ទៃក្នុង​ លិខិតបទដ្ឋាន និងការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍។ ​ក្នុងនោះ​​​​​ គណៈកម្មការសម្រេចបានសមិទ្ធផលមួយចំនួនគួរជាទីកត់សម្គាល់ក្នុងវិស័យទទួលខុសត្រូវរបស់គណៈកម្មការរួមមាន៖ ការចូលរួមបង្កើត​​កម្មវិធីស្វ័យសិក្សា​​ E-Learning​ ការសួរសុខទុក្ខលោកគ្រូ​ អ្នកគ្រូ​​ ព្រឹទ្ធាចារ្យសិល្បៈ ការរៀបចំជំនួយស្មារតីជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ខ្លឹមសារគោលនៃ “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា​ ក្នុង និងក្រោយវិបត្តិកូវីដ ១៩” និង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” និងគម្រោងស្តីពី “ការធ្វើដំណើរទេសចរណ៍សុវត្ថិភាព”។

ក្នុងបរិបទ​នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គណៈកម្មការទី៧នៃរដ្ឋសភានៅតែបន្តសកម្មភាពរបស់ខ្លួនដើម្បីជាឧត្តមប្រយោជន៍ជាតិ​ និងប្រជាជន​ ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩​ តាមរយៈការបន្តផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីវិធីបង្ការការឆ្លងទៅកាន់ស្រទាប់មហាជន ក៏ដូចជាសិស្ស និស្សិត​ ៕