ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមឧបត្ថម្ភថវិកា តាមរយៈរដ្ឋបាលខេត្តកណ្តាល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 +++++++++++


ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសហការីទាំងអស់ កាលរសៀលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភជាថវិកា ចំនួន ៣៣លានរៀល (សាមសិបបីលានរៀល) តាមរយៈរដ្ឋបាលខេត្តកណ្តាល ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ក្នុងឱកាសប្រគល់ថវិកានោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ និងកងកម្លាំងនគរបាលទាំងអស់ ក្នុងខេត្តកណ្តាល ដែលបានរួមគ្នាបរិច្ចាគនូវទ្រព្យសម្បត្តិ និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

 ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ កងកម្លាំងនគរបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្តាលនៅពេលនេះ គឺពិតជាសបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាវប្បធម៌ជួយគ្នាក្នុងគ្រាលំបាក និងបានបង្ហាញពីគាំទ្រយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម   ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទៅ ដែលកំពុងតែត្រូវការជាចាំបាញ់បំផុត នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយការជួយឧបត្ថម្ភនេះ គឺពិតជាមានតម្លៃធំធេងណាស់ ចំពោះសុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។

សូមជម្រាបថា បន្ទាប់ពី  សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ពីគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះមក គឺមានប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជាច្រើន បានចូលរួមបរិច្ចាគថវិកា ផ្ទាល់ខ្លួន តាមលទ្ធភាពជាបន្តបន្ទាប់ ដើម្បីចូលរួមជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជា។