រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មី​ ០២រូប​ ជំនួសតំណាងរាស្រ្ត​ ដែលលាលែងទៅកាន់តួនាទីថ្មី

ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។

សម័យប្រជុំរដ្ឋសភា​ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នឹងប្រកាសសុពលភាព នៃអាណត្តិតំណាងរាស្រ្តទាំងពីររូប មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ដែលបានលាលែង។

ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ នឹងរៀបចំបោះឆ្នោតជ្រើសតាំង សមាជិកថ្មី នៃគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង ផងដែរ៕