សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះបាក់ច្រាំងស្ទឹងព្រែកត្នោត ចំនួន៩គ្រួសារ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី គង់ ចាន់បុស្សិបា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ នាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនគ្រួសាររងគ្រោះបាក់ច្រាំងស្ទឹងព្រែកត្នោត ចំនួន០៩ ក្នុងសង្កាត់ព្រែឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ លោកស្រី គង់ ចាន់បុស្សិបា ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។

លោកស្រីបានបន្តទៀតថា កាកបាទក្រហមកម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែ នាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែរលោកស្រី ក៏បានលើកទឹកចិត្តដល់គ្រួសារទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ដផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ ង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ឃីប ១កញ្ចប់ ,ប្រេងឆា១ដប ,ម៉ាស់ ១០បន្ទះ ,អាល់កុល១ដប និងថវិកាចំនួន ២០ម៉ឺនរៀល និង អនុសាខាកាកបាទក្រហមក្រុងតាខ្មៅ ថវិកា១០មុឺនរៀលផងដែរ។