ថ្ងៃនេះ​ កម្ពុជាផ្ដល់ម៉ាសជាង​ ២លាន និងបរិក្ខារពេទ្យមួយចំនួន​ ទៅកាន់ប្រទេសនេប៉ាល់

ភ្នំពេញ:អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមាន​ ម៉ាសចំនួនជាង​ ២លាន និងបរិក្ខារពេទ្យចំនួន​ ១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយ​ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង​ ២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង​ ២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស​ ១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។

អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន​ ៖ ម៉ាស​ ចំនួន​ ២លាន, ម៉ាសក្រណាត់​ ១០ម៉ឺន, ម៉ាស N95 ចំនួន​ ២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន​ ២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន​ ២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន​ ៥០០, របាំងមុខ​ ចំនួន​ ២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន​ ២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន​ ២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព​ ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕