សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍​ ចំនួន ៤២គ្រួសារ

ស្វាយរៀង​ ៖​ នៅថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី ៧ឃុំ ក្នុងស្រុកស្វាយទាប ចំនួន ២២គ្រួសារ និង ៦ សង្កាត់​ ក្នុងក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួន ២០គ្រួសារ សរុបចំនួន ៤២គ្រួសារ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប និងនៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាមគណៈកម្មាធិការសាខា និអនុសាខាមួយចំនួនទៀត។

មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ​ ចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្ត ឲ្យបានរឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជារ ហើយទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគម្រាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ ២០២៥ ។

ឯកឧត្តម​ ក៏បានថ្លែងំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត​ ដែលជានិច្ចជាកាលតែងតែបានឧបត្ថម្ភជាសម្ភារៈថវិកា ដល់សាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗ​ បាន
ទាន់ពេលវេលា។ ហើយសម្ភារៈដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូននោះទេ ប្រការសំខាន់​ គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត។ ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ជាមួយគ្នានោះ ឯកឧត្តម បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់​ ត្រូវពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ ឲ្យបានទូលំទូលាយ ។

អំណោយ និងសម្ភារដែលសាខាបានផ្តល់ជូនទាំង ៤២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខកំប៉ុង ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, សាប៊ូដុំ ៤ដុំ, ទឹកដោះគោខាប់ ៥កំប៉ុង, មុង ១, ភួយ ១,​ សារ៉ុង ១, ក្រម៉ា ១,​ អាវយឺត ២ និងថវិកាធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥០,០០០រៀល។ ដោយមានការ អាណិតស្រលាញ់ បងប្អូនរងគ្រោះឯកឧត្តមបានឧបត្ថម្ភបន្ថែម ទាំង ៤២គ្រួសារ ក្នុង ១គ្រួសារ ថវិកា ៣០,០០០រៀល ៕