ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំឆ្នាំ២០២០

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការចំណុះសាលាខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជុំវិញខេត្ត ជាមួយអាជ្ញាធរក្រុង-ស្រុក និងមានសាមគ្គីភាពគ្នាបានយ៉ាងល្អ ក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្តនូវផែនការយុទ្ធសាស្ត្ររបស់ខេត្តនាពេលកន្លងមក។ 

ទន្ទឹមនឹងនេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្នុងស្រុក-ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនានា ដែលនៅមានសេសសល់ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។ បន្តចុះដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីយល់ច្បាស់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវកែប្រែឥរិយាបថពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។ ត្រូវខិតខំបង្ក្រាបល្បែងស៊ីសង បងតូចបងធំ និងបទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ តាមរយ:ការអនុវត្តនូវគោលនយោបាយ”ភូមិ ឃុំ មានសុវត្ថិភាព” និងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។