ផ្លូវបេតុងអាមេ ប្រវែង២០០០ម៉ែត្រ នៅឃុំស្វាយប្រទាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកណ្ដាល៖ ផ្លូវបេតុងមួយខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ត្រូវបានសម្ផោតដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្វាយប្រទាល កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ផ្លូវបេតុងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈណាស់សំរាបប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅមក ងាយស្រួលដឹកជញ្ជូនកសិផលទៅទីផ្សារ សម្រួលដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន និងងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនានា បានយ៉ាងល្អប្រសើរ។ ហើយផ្លូវនេះគឺជាសមិទ្ធិផលថ្មី មួយទៀត សម្រាប់ស្រុកស្អាង ដែលបានប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០២០ ក្នុងការសាងសង់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថាសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំកសាងសមិទ្ធិផលនានាជាបន្តបន្ទាប់ទៀត ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបាន ស្នើដល់រដ្ឋបាលស្រុក ត្រូវ ខិតខំផ្តល់សេវានានា និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានល្អ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តកិច្ចការនេះ ជាប្រចាំធ្វើឱ្យដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅឈានទៅសម្រេចបានលទ្ធផលល្អក្នុងការប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ប្រចាំឆ្នាំ ។
បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវដល់មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ រួមគ្នាក្នុងការការពារ ប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្ដទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។