ពិធីបុណ្យឆ្លងកុដិ របង និងសមិទ្ធផលនានា ក្នុងវត្តទាន់អរ ស្ថិតនៅភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល

ខេត្តកណ្តាល៖ថ្ងៃទី២០ ខែ កុម្ភះ ឆ្នាំ ២០២១សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា និងជាព្រះមេគណខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល ព្រមទាំង ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការបាននិមន្តជាព្រះអធិបតី និងអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ របង និងសមិទ្ធផលនានា ក្នុងវត្តទាន់អរ ស្ថិតនៅភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះព្រះចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានស្វែងរកគៀងគរសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយបរិច្ចាកនូវសទ្ធាជ្រៈថ្លារក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍នូវវិស័យព្រះពុទ្ធសាសនាក្នុងខេត្តកណ្តាល ។ ម្យ៉ាងវិញទៀត ការចូលរួមនូវសទ្ធាទាំងនេះ គឺមិនមែនតែជាគោលបំណងនៃការសន្សំបុណ្យកុសល ក្តីសុខ និងរួចចាក់ផុតទុក្ខនៅពេលខាងមុខ ឬនៅជាតិក្រោយនោះទេ គឺជាការចូលរួមកសាង និងអភិវឌ្ឍន៍នូវវិស័យព្រះពុទ្ធសាសនាឲ្យកាន់ តែមានការរីកចម្រើនតទៅមុខជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ហើយការចូលរួមទាំងនេះ គឺសបញ្ជាក់ពីការរីកចម្រើននូវសេដ្ឋកិច្ចបងប្អូនប្រជាពុទ្ធបរិស័ទ ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងមានដៃគូរវិនិយោគអភិវឌ្ឍន៍ ក្នុងនិងក្រៅប្រទេស ដឹកនាំដោយប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ រួមនិងថ្នាក់ដឹកនាំឥសរ្សជនជាច្រើនរបស់កម្ពុជាផង។

 ឯកឧត្តម បានមានប្រសាសន៍ថា វត្តអារាមជាកន្លែងសម្រាប់ពុទ្ធបរិស័ទគោរពបូជា ធ្វើបុណ្យទាន ជាកន្លែងរក្សានូវប្រពៃណី ទំនៀមទំលាប់ខ្មែរ វត្តអារាមរួមចំណែកលើកស្ទួយការងារអប់រំ សិក្សាធិការ។

 ឯកឧត្តម បានណែនាំដល់បងប្អូនពុទ្ធបរិស័ទទាំងអស់រួមគ្នាថែទាំសមិទ្ធផល ទ្រព្យសប្បត្តិ និងសំណង់នានា ជាកេរិ៍ដំណែលប្រវត្តិសាស្រ្តដែលមាននៅក្នុងវត្តអារាមអោយបានគង់វង្ស និងរក្សានូវសោភណ្ឌ័ភាពល្អស្អាតជានិច្ច ហើយចាត់ទុកសមិទ្ធផលទាំងអស់នេះជាសម្បត្តិដ៍ថ្លៃថ្លារបស់បងប្អូន។ 

 
ឯកឧត្តម បានផ្តាំផ្ញើ និងណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថភាព អោយបានល្អ ដើម្បីថែរក្សាសន្តិភាព សុវត្ថិភាពនៅមូលដ្ឋាន រក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅរស់នៅបានស្រួល ពិសេសត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានគ្រប់គ្នា ពាក់ម៉ាស់អោយបានជាប់ជានិច្ច ត្រូវលាងដៃនិងជែល រឺអាល់កុលអោយបានញឹកញាប់ និងត្រូវរក្សាគម្លាត១ម៉ែត្រកន្លះពីគ្នា ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺcovid-19 ក្នុងសហគមន៍។

នៅក្នុងឪកាសនោះ ឯកឧត្ដម ក៏បានប្រគេនបច្ច័យកសាងចំនួន២០ លានរៀលផងដែរ៕